ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ផ្តល់​អំណោយ​​​​ដល់​​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​​នៅ​សង្កាត់​ស្ទឹង​មានជ័យ៣ ក្នុង​ខណ្ឌ​មាន​ជ័យ តាម​រយៈ​ការ​ផ្តល់​ជា​គ្រឿង​ឧបភោគ​បរិភោគ​ដល់​​ពលរដ្ឋ​​​ស្ថិត​​ក្នុង​តំបន់​ក្រហម​ក្នុង​ខណ្ឌ​នេះ។

ក្រុម​ការងាររបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី រួមមាន​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់ក្រុមហ៊ុន​ បាន​បរិច្ចាគ​គ្រឿង​ឧបភោគ​បរិភោគ​រាប់​រយ​កញ្ចប់​ដល់ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅភូមិ​ឬស្សី១ និង​ភូមិ​ឬស្សី​២ ក្នុង​​សង្កាត់ស្ទឹង​មានជ័យ​៣ បន្ទាប់​ពីសង្កាត់​នេះ​ត្រូវបាន​ចាត់​ចូល​ថាជា​តំបន់​ដែល​មាន​អ្នក​ឆ្លងច្រើន​បំផុត​នៅ​ក្នុង​វិធានការ​បិទ​ខ្ទប់​ថ្មីៗ​នេះ​របស់​សាលា​រាជធានី​ភ្នំពេញ។ 

កញ្ចប់​គ្រឿងឧបភោគ​បរិភោគ​ទាំង​នេះដែលរួម​មាន​មី អង្ករ ត្រីខ ឆៃប៉ូវ និង​ទឹកត្រី ត្រូវបានប្រគល់ជូន​មេ​ភូមិ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់ស្ទឹង​មានជ័យ៣។

ក្នុងពេល​ប្រគល់ជូនអំណោយ​ដល់​មន្ត្រីមូលដ្ឋាន​ក្នុងភូមិឬស្សី លោក​ សូវ៉ាតដារីយាវិច​​ នាយកប្រតិបត្តិ ​​លក់ និង​ចែកចាយ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បានមាន​ប្រសាសន៍ថា៖ “នេះគឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ជាពិសេស​ពលរដ្ឋ​ដែលស្ថិត​ក្នុងតំបន់​បិទខ្ទប់​ក្នុងតំបន់ក្រហម។ ក្នុង​នាមជា​ក្រុមហ៊ុន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ យើង​ប្តេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​យើង​ដែល​ជួប​ប្រទះ​បញ្ហាប្រឈមទាំង​នេះ​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​អាចហែល​​ឆ្លង​កាត់​ការ​រាតត្បាត​របស់​ជំងឺ​ដ៏កាច​សាហាវ​នេះ​​​”។

សង្កាត់ស្ទឹង​មានជ័យ៣ កាល​ពី​ខែ​មុន​ត្រូវបានចាត់ចូលថាជា​តំបន់​ក្រហម​​នៅ​ក្នុង​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បីទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺកូវីដ​-១៩។ នៅដើម​ខែនេះ សាលា​រាជធានី​ភ្នំពេញ​បាន​កែ​ប្រែ​ការ​បែង​ចែង​តំបន់​ដោយ​កាត់​បន្ថយ​ទំហំ​តំបន់​បិទ​ខ្ទប់។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “យើង​សាទរ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ-១៩ ហើយ​យើង​ចង់​ឱ្យ​ប្រាកដ​ថា យើងក៏​បាន​​ចូលរួម​ចំណែក​ក្នុង​​កិច្ចប្រឹងប្រែង​នេះ​​ផងដែរ​នៅក្នុង​ពេលវេលា​ដ៏លំបាកនេះ​។ ដូច្នេះ​ហើយ​បានជា​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​យើងអាច​ធ្វើ​បាន​ដើម្បី​ជួយដល់​​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តំបន់​រង​ផល​ប៉ះ​ពាល់​ខ្លាំង”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។ យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ ទ្រូម៉ាន់នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​​ដែល​ផ្តល់សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម។ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយ​ផ្គត់​ផ្គង់សេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

 

 អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ​នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕